ក្បួនយុទ្ឋសាស្រ្ត(សឹក)របស់អ្នកនយោបាយ


អ្នកលេងអុក សុទ្ធតែដឹងថា កូនអុកដែលសំខាន់ៗតាមឋានានុក្រម គឺទូកទី១ សេះទី គោលទី នាង ទី ហើយត្រី គឺទី៥។ កាលណាគេនិយាយពីសត្វ ក្នុងល្បែងអុក គឺសំដៅដល់ កូនសេះ។ ក្នុងអត្ថបទនេះខ្ញុំនឹងលើកយកយុទ្ធសាស្រ្ត ដែលគណបក្សប្រជាជននឹងធ្វើការវាយប្រហារទៅលើគណបក្សប្រឆាំង ក្នុងពេលបោះឆ្នោតខាងមុខ ដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
តើ គណបក្សប្រជាជន បញ្ជាគោលជឹះទូកដេញចាប់ត្រី របស់គណបក្សប្រឆាំងយ៉ាងម៉េចហើយ មកធ្វើចំណីរបស់សត្វសេះយ៉ាងម៉េច? តើអ្វីជាកូនត្រី ជាកូនគោល ជាកូនសេះ ឬទូករបស់គណបក្សប្រជាជន? ការរៀបកូនអុកគឺត្រូវតែគិតឲ្យវែងឆ្ងាយ ហើយត្រូវដឹងជាមុននូវយុទ្ធសាស្រ្តរបស់ដៃគូ។ មួយជំហានៗ គឺត្រូវតែគិតពីការចល័តទ័ពរបស់ដៃគូ មុននឹងដើរកូនរបស់ខ្លួនថាតើគេដើរកូនត្រីហ្នឹងដើម្បីអ្វី? តើកូនណា ជាអ្នកវាយប្រហារ? តើកូនណាជាអ្នកបញ្ឆោត? តើកូនណា ជាគិញសម្ងាត់? តើកូនណាធ្វើជាទ័ពអាកាស? តើកូនណាជាទ័ពស្រួច? តើចំណុចខ្សោយរបស់គេនៅកន្លែងណា? ទាំងអស់នេះសុទ្ធតែត្រូវដើរ និងគិតដោយប្រយ័ត្នប្រយែងបំផុត ក្នុងនាមជាអ្នកលេងអុក។
ការរៀបក្បួនទ័ព សម្រាប់កម្លាំងនយោបាយរបស់គណបក្សនីមួយៗក៏ដូច្នេះដែរគឺសុទ្ធតែមានការស្ទាបស្ទង់ចំណុចខ្លាំង និងចំណុចខ្សោយ នៃយុទ្ធសាស្រ្ត និង កម្លាំងរៀងៗខ្លួន។ ឆាវឆាវ( Cao Cao) ក្នុងរឿងសាមកុក និយាយថា ទ័ពដែលឈ្នះផ្ទូនៗ គឺជាទ័ពក្អេងក្អាង ទ័ពក្អេងក្អាងគឺជាទ័ពដែលបរាជ័យ។
និយាយត្រឡប់ទៅ អាណតិ្តកន្លងមកនេះ គណបក្សប្រជាជនទទួលបានជ័យជម្នះផ្ទូនៗ(ទោះជាមិនទាំងស្រុងក៏ដោយ )ដែលធ្វើឲ្យសមាជិកគណបក្ស(កងទ័ព) មួយនេះ មានអំណួតយ៉ាងខ្លាំង តែបានក្លាយជាក្តីបារម្ភដ៏ខ្លាំងបំផុតរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជន ជាពិសេសគឺសម្តេច ហ៊ុន សែន ព្រោះថា ភាពជោគជ័យកន្លងមកបានធ្វើឲ្យសមាជិកបក្សមានភាពក្អេងក្អាងមិនមានការខ្លាចរអាចំពោះម្ចាស់ឆ្នោត ហើយក៏ក្លាយទៅជាកងទ័ពដែលជិះសេះលែងដៃថែមទាំងបង្កការឈឺចាប់ដល់ម្ចាស់ឆ្នោត។
ខុង មិញដែលជាទីប្រឹក្សារបស់លាវប៉ី ក្នុងរឿងសាមកុក និយាយថា ទ័ពខ្លាំង មិនគួរឲ្យខ្លាចទេ អ្វីដែលគួរឲ្យខ្លាច គឺអ្នកមានការឈឺចាប់ និងអ្នកមានឆន្ទៈធំ។ ឈឺចាប់កាន់តែខ្លាំង ឆន្ទៈកាន់តែធំ ឆន្ទៈកាន់តែធំ ការតស៊ូក៏កាន់តែខ្លាំងដែរ។ ដូច្នេះគណបក្សប្រជាជន ពិតជាមានការប្រយ័ត្នប្រយែងចំពោះ អ្នកដែលឈឺចាប់ខ្លាំង និង អ្នកដែលមានឆន្ទៈធំទាំងនេះ។
អ្នកឈឺ ចាប់ ដោយសមាជិករបស់គណបក្សកាន់អំណាចដែលអួតក្អេងក្អាង បន្ទាប់ពីឈ្នះផ្ទួនៗ ហើយប្រព្រឹត្តអំពើអយុត្តិធម៌រំលោភបំពានដល់ប្រជារាស្រ្ត។ ការឈឺចាប់ដោយគ្មានការងារធ្វើក្នុងស្រុកដែលតម្រូវឲ្យប្រជាជន ចាកចេញទៅធ្វើជាជនអន្តោប្រវេសន៍ខុសច្បាប់នៅក្រៅស្រុក អ្នកដែលទទួលរងគ្រោះដោយការបណ្តេញចេញពីផ្ទះសម្បែងយុវជនរាប់ម៉ឺន នាក់ដែលរៀនចប់អត់ការងារធ្វើមន្រ្តីរាជការដែលទទួលប្រាក់បៀវត្សរ៍ស្តួចស្តើងមិនគ្រប់គ្រាន់ ហើយបង្ខំចិត្តឲ្យពួកគាត់ប្រព្រឹត្តអំពើមិនគួរគប្បី ខុសពីវិជ្ជាជីវៈ និងឧត្តមគតិ ទំនិញសព្វសារពើឡើងថ្លៃ ដោយសារពាណិជ្ជកម្មគ្មានការប្រកួតប្រជែងដែលមានតម្លាភាព។ល។ និង ។ល។ អ្នកទាំងអស់នេះធ្វើឲ្យមានអ្នកក្លាហានជាច្រើនចេញមុខ ដែលក្លាយទៅជាកម្លាំងទ័ពស្រួចរបស់អ្នកមានឆន្ទៈធំឬគណបក្សប្រឆាំង តើគណបក្សប្រជាជនទប់ទល់យ៉ាងណា ជាមួយអ្នកទាំងពីរនេះ?
បើមើលពីអតីតកាល យុទ្ធសាស្រ្តមួយដែលគណបក្សប្រជាជនយកមកប្រើគឺបំបែកបំបាក់ ដើម្បីគ្រប់គ្រង។ យុទ្ធសាស្រ្តនេះ បានធ្វើឲ្យគណបក្ស ហ៊្វុនស៊ិនប៉ិច របស់សម្តេច ក្រុមព្រះ ស្ទើរតែគ្មានឈ្មោះក្នុងឆាកនយោបាយឬថា«រស់តែមិនខ្លាំងខ្សោយតែមិនស្លាប់» យុទ្ធសាស្រ្តបំបែកបំបាក់ ច្បាស់ណាស់ គឺត្រូវប្រើរនុកក្នុង(គិញសម្ងាត់) និង ពាក្យចចាមអារ៉ាម។ កុងជីញ មេទ័ពកំពូលរបស់ ស៊ុន ឈាន ក្នុងរឿងសាមកុក បាននិយាយថា អាវុធវាយក្រុង មិនមែនកាំភ្លើងធំទេគឺរនុកក្នុងឬគិញសម្ងាត់។ រនុកក្នុងគឺប្រៀបបានទៅនឹងកូនត្រីអុក ឬត្រីបក។ គិញសម្ងាត់ ឬរនុកក្នុងបានធ្វើឲ្យគណបក្ស ហ៊្វុនស៊ិនប៉ិច បែកបាក់ ជាបំណែកៗស្ទើរតែដាច់ដង្ហើមហើយនៅក្នុងគណបក្សប្រឆាំងក៏មានគិញរបស់គណបក្សប្រជាជន ហើយក្នុងគណបក្សប្រជាជន ក៏មានគិញរបស់គណបក្សប្រឆាំងដែរ។
ជាក់ស្តែង ក្នុងឆ្នាំ ២០០៥ គ្មាននរណាចាប់អារម្មណ៍ថា លោកហេង ពៅ អាចជាគិញ របស់គណបក្សប្រឆាំងនោះទេគឺរហូតដល់ពេលវេលាមួយ ដែលធ្វើឲ្យសម្តេច ហ៊ុន សែន មានការភ្ញាក់ផ្អើលជាខ្លាំងគឺពេលដែលឯកសារជាច្រើន បានទៅដល់ដៃតុលាការអាមេរិក ពេលដែលឯកឧត្តម សម រង្ស៊ី ប្តឹង សម្តេច ហ៊ុន សែន នៅទីក្រុង ញូវយ៉ក ហើយក៏មានឯកសារពាក់ព័ន្ធក្នុងអំពើពុករលួយ ឯកសារនៃសែស្រឡាយកាប់ព្រៃឈើ កំណត់ត្រាប្រចាំថ្ងៃ របស់អ្នកស្រី ពិសិដ្ឋពីលីកា ឯកសារនៃការចុះហត្ថលេខាជាមួយវៀតណាម ពីរឿងសន្ធិសញ្ញា ឆ្នាំ ១៩៨៥ ឯកសារនៃការជាប់ពាក់ព័ន្ធរបស់អង្គរក្សសម្តេច ហ៊ុន សែន ជាមួយនឹងការគប់គ្រាប់បែកឆ្នាំ ១៩៩៧។ល។
បានធ្លាក់ដល់ដៃអ្នកសារព័ត៌មានអន្តរជាតិ និង FBI តែលោក ហេង ពៅ ភ្លាត់ស្នៀត បានធ្វើឲ្យបែកការ ដោយសារ មានជម្លោះ ផ្ទាល់ខ្លួនជាមួយ លោក ហុក ឡងឌី ហើយលោក ហុក ឡងឌី ក៏ចាត់ការតែម្តងទៅ។ ឥឡូវនេះ សម្តេច ហ៊ុន សែន ពិតជាមានការបារម្ភថា នៅជុំវិញខ្លួនលោក មិនដឹងជាមានរនុកក្នុងរបស់គណបក្សប្រឆាំងប៉ុន្មាននាក់នោះទេ ហើយអ្នកដែលស្រែកជេរគណបក្សប្រឆាំង សព្វថ្ងៃ ក៏មិនប្រាកដថា ជាអ្នកដែលជេរដោយស្មោះដែរ។ ដូច្នេះ មានតែពេលវេលាទេ ដែលនឹងបង្ហាញការពិត។
ព្រឹត្តិការណ៍មួយទៀត កាលពីឆ្នាំ២០០៦ ឯកឧត្តម សម រង្ស៊ី បានទទួលបញ្ជីឈ្មោះ សមាជិក គណបក្សរបស់ខ្លួន ដែលជា គិញសម្ងាត់របស់គណបក្សប្រជាជនតាមរយៈរនុកក្នុងរបស់ខ្លួនក្នុងគណបក្សប្រជាជន ធ្វើឲ្យលោកមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ហើយ នៅឆ្នាំ ២០០៨ គណបក្សប្រឆាំងក៏រកវិធីដកពួកគេចេញ ហើយអ្នកទាំងនោះ បានធ្វើជាទៅចុះចូលជាមួយគណបក្សប្រជាជនដែលតាមពិតគឺគ្រាន់តែរត់ទៅរកម្ចាស់ដើមរបស់ខ្លួនវិញប៉ុណ្ណោះ។ អ្នកទាំងនោះ អ្នកខ្លះ ក៏បានជាទីប្រឹក្សានាយករដ្ឋមន្រ្តី អ្នកខ្លះបានធ្វើការក្នុងក្រសួងនានា ជាអនុរដ្ឋលេខាធិការ ឬរដ្ឋលេខាធិការ។ មកដល់ពេលនេះ ក្នុងការប្រជុំសម្ងាត់ផ្សេងៗរបស់គណបក្សប្រឆាំងគឺនៅតែមានការប្រុងប្រយ័ត្នជានិច្ចដែលរហូតពេលខ្លះ គឺត្រូវធ្វើនៅក្រៅប្រទេស។ ការប្រើគិញសម្ងាត់នេះ គឺពិតជាពិបាកទប់ទល់ណាស់ ទាំងគណបក្សកាន់អំណាច និង គណបក្សប្រឆាំង ព្រោះតែជាសត្រូវអត់ស្រមោល។ ទាំងគណបក្សប្រជាជន និងគណបក្សប្រឆាំងគឺសុទ្ធតែមានរនុកក្នុងតាំងពីថ្នាក់ជាតិរហូតដល់ ថ្នាក់មូលដ្ឋានដូចគ្នា។

កូនអុកទី២ គឺប្រព័ន្ធផ្សព្វផ្សាយដែលអាចហៅបានថា ជាកូនសេះព្រោះអាចផ្លោះជារាងអក្សរ « L » បាន ដល់គ្រប់ទិសទី។ គណបក្សប្រជាជន បាននិងកំពុងតែប្រើកូនអុកមួយនេះ ដើម្បីផ្សព្វផ្សាយពត៌មាន ពាក្យចចាមអារ៉ាមឬពត៌មានដែលលើសពីការពិតដើម្បីវាយប្រហារនិងបំភិតបំភ័យគណបក្សប្រឆាំង ក៏ដូចជាប្រជាជនខ្មែរ។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំ នៅក្នុងស្រុក មិនហ៊ាននិយាយទិតៀនទៅលើរដ្ឋាភិបាលឡើយ។ នេះមិនមែនដោយសារសារព័ត៌មានទាំងអស់នោះខ្លាចទេ តែមកពីថ្នាក់ដឹកនាំរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ សុទ្ធតែមានចំណុចខ្សោយ ធ្វើឲ្យគណបក្សកាន់អំណាចចាប់ចំណុចខ្សោយបាន ហើយចុចមិនឲ្យរើ។ ជាក់ស្តែង ដូចជាម្ចាស់សារព័ត៌មានមួយ ដែលពីមុន ជាអ្នកកាសែតក្យូដូរបស់ជប៉ុន ហើយក្រោយមកក៏បង្កើតសារព័ត៌មានមួយ។
ដោយមិនទុកចិត្តនូវភាពស្មោះត្រង់ គណបក្សប្រជាជន បានធ្វើឲ្យម្ចាស់សារព័ត៌មាននេះជាប់បណ្តឹងជាច្រើននៅតុលាការ។ បើចង់រើ តុលាការនឹងចាត់ការបណ្តឹងនោះភ្លាម ហើយជាប់គុកក្នុងពេល២៤ម៉ោង។ នេះគេហៅថា ជិះលើខ្នងខ្លា បើហ៊ានតែចុះគឺខ្លានឹងស៊ីភ្លាម។ ករណីមួយទៀត គណបក្សប្រជាជន ជាពិសេស សម្តេច ហ៊ុន សែន បានបង្កើតព័ត៌មានបំភ្លៃជាច្រើន ដូចជាករណី គោលនយោបាយគណបក្សប្រឆាំងថានឹងបញ្ចុះការប្រាក់១% ក្នុងមួយខែ សម្តេច ហ៊ុន សែន ថា គណបក្សប្រឆាំងចង់បញ្ចុះការប្រាក់មក % ក្នុងមួយឆ្នាំ។ លើសពីនេះថែមទាំង ក៏មានផ្សព្វផ្សាយនូវសំឡេង ឌឺដងគ្នារវាងឯកឧត្តម កឹម សុខា និងឯកឧត្តមសម រង្ស៊ីកាលពីបោះឆ្នោត ២០០៨ ក្នុងគោលបំណងញុះញង់ដើម្បីបំបែកបំបាក់ ហើយថ្មីៗនេះ សម្តេច ហ៊ុន សែន បានយកសំឡេង របស់ ឯកឧត្តម កឹម សុខា មួយផ្នែក មកចាក់ផ្សាយ ថា ឯកឧត្តម កឹម សុខា មិនទទួលស្គាល់គុកទួលស្លែងក្នុងរបបខ្មែរក្រហម។
ទោះចង់មិនចង់កូនអុកមួយនេះ ក៏បានបញ្ចេញសារនយោបាយខ្លះ ដើម្បីបំភាន់ភ្នែកដល់ប្រជាជននៅតាមជនបទ ដែលពួកគាត់ទទួលព័ត៌មានតិចតួច និងតែពីប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រគណបក្សប្រជាជន។ កូនអុកមួយទៀតគឺកូនគោល។ កូនគោលគឺធ្វើដំណើរយឺតស្រដៀងត្រីដែរ។ អាចនិយាយបានថា ជាយុទ្ធសាស្រ្តចល័តទ័ពដោយស្ងាត់ស្ងៀម ដែលជាយុទ្ធសាស្រ្តមួយរបស់ស៊ុន ជឺ។ គណបក្សប្រជាជនបានគណនាចំនួនអ្នកបោះឆ្នោត ហើយដឹងថា សំឡេងអ្នកគាំទ្ររបស់គណបក្សប្រជាជន ពិតជាមានការថយ ពីមួយអាណត្តិទៅមួយអាណត្តិ។ ដូច្នេះ ត្រូវតែប្រើវិធីគ្រប់បែបយ៉ាងដើម្បីឈ្នះទោះបីជាវិធីទាំងនោះមិនល្អក្តី។
លោក លូ សួ(Lu Su)ទីប្រឹក្សាកងទ័ពរបស់តុងអ៊ូ ក្នុងរឿងសាមកុក បាននិយាយថា ក្នុងសមរភូមិ គឺគ្មានទេ អ្នកថាថោកទាប ឬអ្នកថ្លៃថ្នូរ គឺមានតែអ្នកខ្លាំងនិងអ្នកខ្សោយ ឬថា អ្នកឈ្នះជាស្តេច អ្នកចាញ់ជាចោរ។ នេះជាផ្នត់គំនិតរបស់គណបក្សប្រជាជន។ ដូច្នេះ គណបក្សប្រជាជន មិនខ្វល់នូវអ្វីដែលថា អំពើថោកទាប ឬថ្លៃថ្នូរអីទេ គឺធ្វើម៉េចឲ្យតែឈ្នះ។ ដូច្នេះការកឹបកេងសន្លឹកឆ្នោតក្នុងពេលរាប់ ការលុបឈ្មោះអ្នកបោះឆ្នោត ដែលមាននិន្នាការទៅរកគណបក្សប្រឆាំង ការចល័តនិគមបរទេស ទៅគ្រប់ទិសទី ជាពិសេស គឺតំបន់ឬខេត្តណាដែលមានការគាំទ្រតិច គឺត្រូវតែធ្វើ។ យុទ្ធសាស្រ្តទាំងនេះ គឺត្រូវធ្វើដោយរក្សាការសម្ងាត់បំផុត។
មើលទៅ គឺដូចជាពិសពុល និង មិនថ្លៃថ្នូរទាល់តែសោះដែលអនុញ្ញាតឲ្យ ជនជាតិបរទេសមួយចំនួនដែលទើបតែមករស់នៅស្រុកខ្មែរ ដែលអ្នកខ្លះរស់នៅលើទឹកនៅឡើយដោយមិនទាន់ទាំងមានជម្រកលើគោក ស្រួលបួលផងមានសិទ្ធិចូលរួមបោះឆ្នោតជាមួយជនជាតិខ្មែរ ចូលរួមរើសតំណាងរាស្រ្តជាមួយខ្មែរ តែគណបក្សប្រជាជនមិនខ្វល់ទេ គឺធ្វើម៉េចឲ្យតែឈ្នះ។ ឬនិយាយឲ្យស្រួលស្តាប់ បើគណបក្សប្រជាជនទទួលបានការគាំទ្រកាន់តែតិចក្នុងតំបន់ណាគឺបញ្ជូននិគមបរទេសទៅកាន់តំបន់នោះ កាន់តែច្រើន ដើម្បីយកជ័យជម្នះ។ តែវិធីនេះ វាជាគុណវិបត្តដ៏ធ្ងន់ធ្ងរមួយ របស់ប្រទេសជាតិ ហើយបាននិងកំពុងតែក្លាយទៅជាការយកដុំថ្ម ទម្លាក់លើជើងខ្លួនឯង ឬបាចអង្កាមបញ្ច្រាសខ្យល់។ ពីព្រោះនិគមបរទេសកាន់តែច្រើននៅតំបន់ណាគឺធ្វើឲ្យប្រជាជនខ្មែរនៅតំបន់នោះកាន់តែមានការឈឺចាប់ ហើយអ្នកក្លាហាន និងអ្នកមានឆន្ទៈ ក៏មានកាន់តែច្រើនដែរដែលវាកាន់តែចំណេញដល់គណបក្សប្រឆាំងទៅវិញ។
កូនអុកទីបី សម្រាប់ធ្វើការវាយប្រហារចំណុចខ្សោយសម្រាប់បំភ័យ និងលួងលោមគឺទូក។ ក្នុងល្បែងអុក ទូកគឺដើរត្រង់ទៅមុខ ទៅក្រោយ ទៅឆ្វេង និងទៅស្តាំ គឺវាដូចគ្នា ក្នុងការវាយប្រហារចំណុចខ្សោយចំៗ បំភ័យត្រង់ៗ ហើយក៏លួងលោមត្រង់ៗ តាមរយៈអំណោយ និងលាភសក្ការៈដែរ។ សម្តេច ហ៊ុន សែន បាននិង កំពុងតែប្រើប្រាស់ កូនអុកមួយនេះយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែងដូចជា បំភ័យប្រជាជនថា នឹងមានសង្រ្គាម ឬរបបខ្មែរក្រហមនឹងត្រឡប់មកវិញបើគាត់ចាញ់ឆ្នោត ហើយអាជ្ញាធរមូលដ្ឋានខ្លះក៏បានបង្ខំប្រជាជនឲ្យផឹកទឹកសម្បថ គំរាមមិនផ្តល់សេវារដ្ឋបាលសាធារណៈដល់អ្នកដែលមិនបោះឆ្នោតឲ្យឬមិនចុះចូលជាមួយគណបក្សប្រជាជន ឬគំរាមលុបឈ្មោះចេញពីបញ្ជីអំណោយផ្សេងៗជាដើម។ វិធីនេះ ក៏ត្រូវបានគណបក្សប្រជាជនធ្វើចំពោះតំណាងរាស្រ្តរបស់គណបក្សប្រឆាំងដែរ។ ជាក់ស្តែង ដូចជាមានសមាជិកគណបក្សប្រឆាំងភាគតិចណាស់ ដែលហ៊ានចេញមុខប្រឆាំង ឬនិយាយទិតៀន រដ្ឋាភិបាលតាមរយៈបណ្តាញសារព័ត៌មានឬក្នុងពេលប្រជុំសភា បើមិនដូច្នោះទេគឺនឹងទទួលនូវគំនាបផ្សេងៗពីព្រោះសមាជិកគណបក្សប្រឆាំងមួយចំនួន សុទ្ធតែមានចំណុចខ្សោយ ដូចជាអ្នកខ្លះ មានប្រពន្ធចុង អ្នកខ្លះលេងល្បែង អ្នកខ្លះ ជំពាក់លុយគេ ជាដើម។ ចង់មិនចង់ដំបៅទាំងអស់នោះ ពិតជាធ្វើឲ្យសមាជិកទាំងនោះ មានការរអើលនិងព្រឺឆ្អឹងខ្នងជាខ្លាំង។ ហេតុនេះគណបក្សប្រឆាំងមិនសូវឲ្យអ្នកទាំងនោះចេញមុខប៉ុន្មានទេ។
ទោះជាយ៉ាងណា ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនេះ គណបក្សប្រជាជននៅតែឈ្នះឆ្នោត ហើយគណបក្សប្រឆាំងនឹងកើនសំឡេងឆ្នោត។ តែមនុស្សទាយមិនដូចទេវតាទាយទេ ដូច្នេះមានតែរង់ចាំមើលលទ្ធផលទាំងអស់គ្នាប៉ុណ្ណោះ។

No comments:

Post a Comment